យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាឱ្យយោធារៀបចំសម្រាប់ “សេណារីយ៉ូ ដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសថា ការប្រគល់ចំណាប់ខ្មាំង ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ នឹងត្រូវបានពន្យារពេលរហូតដល់ មានការជូនដំណឹងបន្ថែម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញ ដោយការិយាល័យរបស់គាត់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានបរិហារការប្រកាសរបស់ហាម៉ាស់ថាជា “ការរំលោភទាំងស្រុងលើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង”។ លោក Katz បានឲ្យដឹងថា លោកបានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែល “រៀបចំកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួន សម្រាប់សេណារីយ៉ូ ដែលអាចកើតមាននៅក្នុងតំបន់ហ្គាហ្សា និងដើម្បីការពារសហគមន៍នៅតំបន់ជុំវិញនោះ” ។
គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែលបានរាយការណ៍ដោយដកស្រង់សំដី របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងកោះប្រជុំវាយតម្លៃស្ថានភាពជាមួយរដ្ឋមន្ត្រី និងមន្ត្រីសន្តិសុខ។ កាលពីព្រឹកថ្ងៃច័ន្ទ លោក Abu Obeida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលបីសប្តាហ៍កន្លងមកនេះ មេដឹកនាំក្រុមតស៊ូ បានតាមដានការបរាជ័យរបស់អ៊ីស្រាអែល ក្នុងការគោរពតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការបរាជ័យរួមមានការពន្យារពេលការវិលត្រឡប់ របស់ជនភៀសខ្លួនទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា និងកំណត់គោលដៅពួកគេដោយការបាញ់ផ្លោង និងការបាញ់កាំភ្លើង ក៏ដូចជាការមិននាំយកជំនួយសង្គ្រោះ គ្រប់ទម្រង់ដូចដែលបានព្រមព្រៀងគ្នា ដោយសង្កត់ធ្ងន់លើការតស៊ូ បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)