ព័ត៌មានជាតិ

កម្មករនិយោជិត ៖ ការបើកប្រាក់ឈ្នួល អប្បបរមា សម្រាប់ខែមករា ឆ្នាំ២០២៥ រួមនិងអត្ថប្រយោជន៍ ផ្សេងទៀត សរុបប្រមាណ៣០០ដុល្លារ

ភ្នំពេញ ៖ កម្មករ និយោជិត សប្បាយចិត្ត បន្ទាប់ពីបានបើកប្រាក់ឈ្នួល អប្បបរមា សម្រាប់ខែមករា ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុងនោះបូក រួមទាំង អត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិត ទទួលបានប្រាក់បៀវត្ស ប្រមាណជាង៣០០ ដុល្លារក្នុងមួយខែ។ ការលើកឡើងបែបនេះ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ ត្រូវបានចូលជាធរមាន ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។

លោកស្រី ផាន បូរ៉ាន់ ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានលើកឡើងថា កម្មករនិយោជិត នៃរោងចក្រ របស់លោកស្រីបានទទួលប្រាក់ឈ្នួល អប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់ខែមករា រួចហើយ។ ទន្ទឹមនឹងនេះ លោកស្រីបានទទួលប្រាក់ បៀវត្សប្រមាណជាង ៣០០ដុល្លារ ក្នុងមួយខែ បូករួមទាំងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលទទួលបានពីរោងចក្រផ្ទាល់។

កម្មការិនីរូបនេះបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៣០០ ដុល្លារ ក្នុងមួយខែនេះ លោកស្រីអាចយកទៅផ្គត់ផ្គង់គ្រួសារបានសមល្មម ដោយឡែកមួយចំណែកទៀត លោកស្រី ទុកសម្រាប់ផ្គង់ផ្គង់ការ ចំណាយប្រចាំខែ និងអាចសន្សំទុកបានមួយ ចំនួនសម្រាប់តម្រូវការ នាពេលអនាគតផងដែរ។ កម្មការិនីរូបនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលតែងតែងយកចិត្តទុកដាក់ និងដឹងសុខទុក្ខកម្មករ និយោជិតជានិច្ច ជាពិសេសត្បិត ប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក ក៏ប៉ុន្តែវាត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។

ដោយឡែក កញ្ញា យី ភួន ជាកម្មការិនី នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ម្នាក់ទៀតបានគូសបញ្ជាក់ថា កញ្ញាក៏ទទួលបាន ប្រាក់បៀវត្សប្រមាណជាង៣០០ ដុល្លារដូចគ្នា បូកបញ្ជូលទាំងប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លារ ក្នុងមួយខែ និងប្រាក់អត្ថប្រយោជន៍ដ៏ទៃទៀតផងដែរ។ ប្រាក់ឈ្នួលជាង៣០០ ដុល្លារ កញ្ញាអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ និងអាចសន្សំ ផ្ញើទៅស្រុកកំណើតបានមួយចំណែកដែរ។

កម្មការិនីរូបនេះ បានបន្ថែមថា ប្រាក់ចំណូលជាង៣០០ដុល្លារក្នុងមួយខែ អាចជួយផ្គត់ផ្គង់គ្រួសារ និងអាចសន្សំបានមួយចំណែក ខណៈដែលមិន បារម្ភចំពោះការចំណាយលើការពិនិត្យ និងព្យាបាលសុខភាពនោះទេ ពីព្រោះកម្មករនិយោជិត មានប័ណ្ណ ប.ស.ស. ដែលអាចទទួលសេវាព្យាបាលជំងឺ និងថែទាំសុខភាពដោយឥតថ្លៃ ។ តាមរយៈការប្រើប្រាស់ ប័ណ្ណប.ស.ស. ដោយឥតគិតថ្លៃនេះហើយ ទើបធ្វើអោយកម្មករនិយោជិត អាចចំណេញថវិកាពីការថែទាំសុខភាពបានមួយផ្នែកធំ។ កម្មការិនីរូបនេះថ្លែងអំណរគុណទៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ មកលើសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត និងជួយលើកកម្ពស់ លក្ខខណ្ឌការងារកាន់តែល្អប្រសើរ ក៏ដូចជាជំរុញឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រ សហគ្រាសផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ ត្រូវបានតំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន ៤ដុល្លារ បន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ៕

To Top