ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន មានជំនឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនង រវាងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ នឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-13-682x1024.jpg)
នៅក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី បានជម្រាបជូន លោកប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, អប់រំ, ទេសចរណ៍, វប្បធម៌, ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-16-777x1024.jpg)
សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-19-799x1024.jpg)
ជាការឆ្លើយតប, លោកប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខា នាឱកាសទស្សនកិច្ចផ្លូវការនេះ ។ លោកប្រធានរដ្ឋសភា ក៏បានសម្ដែង នូវការវាយតម្លៃខ្ពស់ ចំពោះការផ្សារភ្ជាប់ ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-23-1024x682.jpg)
លោកប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការយកចិត្តទុកដាក់ ចំពោះសហគមន៍ហ្វីលីពីន ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ, លោកប្រធានរដ្ឋសភា ក៏បានសម្ដែង នូវការកោតសរសើរ ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចបវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ របស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-27-1024x682.jpg)
សម្ដេចបវរធិបតី និងលោកប្រធានរដ្ឋសភា មានជំនឿជាក់ថា «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរនឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត» ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-30-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-40-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_17-44-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)