ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-23-43-1-1024x768.jpg)
សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-23-47-1024x768.jpg)
ក្នុងពេលចុះជួបបងប្អូនកម្មករនិយោជិត នាព្រឹកនេះ លោកហេង សួរ សូមសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-23-50-1024x768.jpg)
លោករដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិត នឹងអាចបើកប្រាក់ឈ្នួល រួមនិងអត្ថប្រយោជន៍ នានាដែលនៅសល់ នាថ្ងៃទី២០ ខែកុម្ភៈ ដោយវឌ្ឍនភាពនៃទីតាំង និងព័ត៌មានផ្សេងទៀតតនៃការបើកប្រាក់ឈ្នួលនេះ ក្រសួងនឹងជម្រាបជូនដំណឹងនាពេលបន្ទាប់។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-23-55-1024x768.jpg)
លោក ហេង សួរ ក៏បានបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃសហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលអាចប្រឈម នឹងបញ្ហាមួយចំនួន។ ជាមួយគ្នានេះ ក្នុងពេលដែលរោងចក្រ ត្រូវការដំណើរការសាងសង់ឡើងវិញ ក្នុងរយៈពេល ៤ខែ ដូចនេះសូមបងប្អូន កម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ បងប្អូនក៏អាចពិចារណា ក្នុងការវិលត្រឡប់ ចូលមកធ្វើការងារវិញបានផងដែរ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-23-58-1024x768.jpg)
លោក ហេង សួរ ក៏បានបញ្ជាក់ដល់បងប្អូនកម្មករនិយោជិតផងដែរថា សម្រាប់សុពលភាព និងអត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបាន និងអាចប្រើប្រាស់ប័ណ្ណ ប.ស.ស. បានជាធម្មតា។ ទន្ទឹមនេះ ក្រុមកាងារ សាខា ប.ស.ស. ខណ្ឌដង្កោបានចុះដល់ទីតាំងផ្ទាល់ និងត្រៀមសម្របសម្រួល ក្នុងករណីមានសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ ដោយសារករណីភ្លើងឆេះនេះ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-24-03-1024x768.jpg)
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ងាត់ មានការយោគយល់ និងសូមផ្សព្វផ្សាយបន្តទៅកាន់បងប្អូនកម្មករនិយោជិតផ្សេងទៀត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ផងដែរ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-24-09-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-24-12-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-24-16-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_11-24-21-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)