តូក្យូ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Yoji Muto បានឲ្យដឹងថា ប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានស្នើសុំឱ្យផលិតផល ដែកថែប និងអាលុយមីញ៉ូម របស់ខ្លួនត្រូវបានលើកលែង ពីពន្ធ ២៥ ភាគរយ ដែលដាក់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
លោក Muto បានប្រាប់សន្និសីទសារព័ត៌មាន ដោយសំដៅលើពន្ធគយដែលលោក ត្រាំ បានឲ្យដឹងថា នឹងត្រូវបានអនុវត្ត “ដោយគ្មានករណីលើកលែង” “យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងចាំបាច់ ខណៈពេលដែលកំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់ ដែលអាចកើតមានលើក្រុមហ៊ុនជប៉ុន”។
ដោយឡែកលោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើសំណើ តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅសហរដ្ឋអាមេរិក ។ ពន្ធគយនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែមីនា នេះបើយោងតាមសេតវិមាន។ វាគឺជាការដាក់ពន្ធគយ លើវិស័យដំបូងរបស់លោក ត្រាំ ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។
ដៃគូពាណិជ្ជកម្មជាច្រើន របស់សហរដ្ឋអាមេរិក រួមទាំងប្រទេសជប៉ុន បានទទួលនូវកូតាដោយមិនបង់ពន្ធ ក្រោមការគ្រប់គ្រង របស់អ្នកកាន់តំណែងមុន របស់លោក ត្រាំ គឺលោក ចូ បៃដិន ប៉ុន្តែលោក ត្រាំ កាលពីថ្ងៃច័ន្ទបានចុះហត្ថលេខាលើសេចក្តីប្រកាស ដែលដកចេញការលើកលែងពន្ធគយកន្លងមក៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)