ភ្នំពេញ ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបានលទ្ធផល៥,៤០% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នា ជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។
គម្រោងស្ពាននេះ គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_12-55-52-1024x769.jpg)
បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១ % នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារៈ គ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_12-55-56-1024x768.jpg)
ក្នុងពេលដែលការងារនៅការដ្ឋានកាន់តែមមាញឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋាន សាងសង់ ត្រូវយកចិត្តទុកដាក់ ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប៣,៧០០ម៉ែត្រ ។ ក្នុងនោះតួស្ពានមានប្រវែងសរុប១,៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២,១០០ ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)