ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្ត ពង្រឹងគុណភាព បន្ថែមលើភារកិច្ចស្នូល

ភ្នំពេញ ៖ ក្នុងសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនា ប្រឡងប្រណាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាព បន្ថែមលើភារកិច្ចស្នូល។

ថ្លែងបើកសន្និបាតនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗដើម្បីពង្រឹងកិច្ចការចំនួន៣ បន្ថែមលើភារកិច្ចស្នូល គឺទី១.ការអភិវឌ្ឍធនធានមនុស្ស ទី២.ការផ្ដល់សេវាសាធារណៈ និងទី៣.ការអភិវឌ្ឍឌីជីថល។

ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ ធ្វើកំណែទម្រង់ធនធានមនុស្ស ក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំង និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹង សមត្ថភាពមន្រ្តីដែលមានស្រាប់។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការផ្តល់សេវាសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់ នៃការពង្រឹងគុណភាពនៃការអនុវត្តមុខងារដែលថ្នាក់ជាតិ បានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រភេទសេវាប្រមាណ៨០០ ។ បើតាមប្រមុខក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជាពិសេសសេវានៅយន្តការ ច្រកចេញចូលតែមួយ ត្រូវតែធ្វើឡើង ប្រកបដោយតម្លាភាព គណនេយ្យភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យការបម្រើសេវាកាន់ តែមានគុណភាព ៕

To Top