ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អំពាវនាវឲ្យ មន្ទីពេទ្យឯកជន ផ្តល់ផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ​គុណភាព​ និងសុវត្ថិភាព ជាមួយតម្លៃសមរម្យ​

ភ្នំពេញ ៖ លោក វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាល ចង់ឃើញការផ្តល់សេវាសុខាភិបាល របស់មន្ទីពេទ្យឯកជន ប្រកបដោយវិជ្ជាជីវៈ ដែលមានទាំងគុណភាពខ្ពស់ និងសុវត្ថិភាព ជាមួយតម្លៃសមរម្យ និងអាចទទួលបានការជឿទុកចិត្ត ពីអ្នកជំងឺមកកាន់មន្ទីពេទ្យ ព្រោះវាគឺជាការអំពាវនាវ ជាកិត្តិយស និងជាសេចក្តីថ្លៃថ្នូរបស់វិស័យ សុខាភិបាលទាំងមូល។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីពេទ្យអ៊ឺនធឺឃ៊ែររបស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់របស់ថៃ ​​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥​ លោកវេជ្ជបណ្ឌិត ង៉ូវ កាង តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីពេទ្យអ៊ឺនធឺឃ៊ែររបស់កម្ពុជា និងមន្ទីរពេទ្យ បំរ៉ុងរ៉ាត់របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាល នាពេលនេះ មន្ទីពេទ្យក្នុងវិស័យឯកជន និងកាន់មានលទ្ធផលក្នុងការផ្តល់សេវាសុខភាពបានកាន់យតែល្អប្រសើរ និងកាន់តែទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ ។

​​លោកវេជ្ជបណ្ឌិត​ បានថ្លែងបន្តថា កិច្ចសហការនេះនឹងអនុញ្ញាត ឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយ នឹងវេជ្ជបណ្ឌិតឯកទេស លំដាប់ ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារ កាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អុីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ។

​លោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់បានថ្លែងថា “ កិច្ចសហការនេះបានបង្ហាញ អំពីចក្ខុវិស័យរបស់មន្ទីរ ពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោកទៅកាន់សហគមន៍នានាចាសកលរបស់ពួកយើង។” លោកស្រីបន្ថែមថា“ តាមរយៈការចាប់ដៃគូជាមួយមន្ទីរពេទ្យ អុីនធ័រឃែរ ពួកយើងបានពង្រឹងការព្យាបាល ទៅកាន់អ្នកជំងឺនៅ ប្រទេសកម្ពុជា ដើម្បីទទួលបាន នូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេស របស់ពួកយើង រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់ទៅលើអ្នកជំងឺ ដើម្បីធានាថា សុខភាព និងសុខមាលភាពរបស់ពួកគាត់ ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។ ”

“ តាមរយៈកិច្ចសហការនេះ ពួកយើងមានគោលដៅក្នុងការនាំយកនូវវេជ្ជបណ្ឌិតឯកទេសបន្ថែមមកកាន់កម្ពុជា ” លោក Rajeev Rajan នាយកផ្នែកអភិវឌ្ឍន៍ធុរកិច្ច នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់។ លោកបានបន្ថែមថា “ហើយពួកយើងក៏មានគោលបំណង ក្នុងការបំពេញបន្ថែមលើការថែទាំ ដែលមានស្រាប់ ដើម្បីធានាឲ្យបានថាអ្នកជំងឺទទួលបាននូវការព្យាបាល និងថែទាំពេញលេញ។ ”

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកនិងអគ្គនាយិកា ប្រតិបត្តិនៃ មន្ទីរពេទ្យ អុីនធ័រឃែរបានថ្លែងថា “ ការចាប់ដៃគូសហការ ជាមួយនឹងមន្ទីរពេទ្យ អន្ដរជាតិ បំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ” លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា “ នៅពេលដែលមានអ្នកឯកទេស កាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូន​ នូវសេវាសុខភាពទៅអ្នកជំងឺ បានកាន់តែទូលំទូលាយជាមួយ នឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សា បាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុក ដាក់ខ្ពស់សម្រាប់សហគមន៍ និងប្រទេសរបស់យើង។”

កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងវិស័យសុខភិបាលនៅកម្ពុជា រួមបញ្ចូលទាំងជំនាញ និងធនធានរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់អ្នកជំងឺគ្រប់រូប៕

To Top