![](https://dap-news.com/wp-content/uploads/2025/02/3A8A6491-2-1024x683.jpg)
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ការគាំទ្រ លើគម្រោង របស់ទីស្នាក់ការ កណ្តាល JICA និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខា ងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន ។
![](https://dap-news.com/wp-content/uploads/2025/02/3A8A6462-2-1024x683.jpg)
ការបង្ហាញការគាំទ្រ ដូចនេះ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយលោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាល JICA។
![](https://dap-news.com/wp-content/uploads/2025/02/IMG_4230-2-1024x683.jpg)
ក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង សួរ បានគូសបញ្ជាក់ថា គម្រោងក្នុងការបង្កើត ឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈម របស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ ដើម្បីជំរុញឱ្យកាន់តែប្រសើរ ឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការ នៅក្នុងប្រទេសជប៉ុន។
![](https://dap-news.com/wp-content/uploads/2025/02/IMG_4150-2-1024x683.jpg)
លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុន នៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែលទទួលបាន ប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ ។ ដូចនេះ លោករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈគម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុន ដែលត្រូវការកម្លាំងពលកម្ម។
![](https://dap-news.com/wp-content/uploads/2025/02/3A8A6471-2-1024x683.jpg)
ជាការឆ្លើយតប លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជានៃប្រទេសកម្ពុជាលើគម្រោងនេះ ដែលនឹងជួយជំរុញការគាំពារ កាន់តែប្រសើរ សម្រាប់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នា កាន់តែប្រសើរ រវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕
![](https://dap-news.com/wp-content/uploads/2025/02/3A8A6491-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_4253-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_4260-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_4291-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)