យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រសិនបើចំណាប់ខ្មាំង អ៊ីស្រាអែល ដែលត្រូវបានឃុំ ខ្លួននៅតំបន់ហ្គាហ្សា មិនត្រូវបានត្រឡប់មកវិញនៅថ្ងៃសៅរ៍នោះ បទឈប់បាញ់ជា មួយក្រុមហាម៉ាស់នឹងត្រូវលុបចោល ហើយអ៊ីស្រាអែល នឹងបន្ត “ការប្រយុទ្ធដ៏ខ្លាំងក្លា” ឡើងវិញនៅក្នុងរង្វង់ ដែលហែកហួរដោយសង្រ្គាម។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ការផ្លាស់ប្តូរនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយរដ្ឋមន្ត្រី ខុទ្ទកាល័យរបស់លោកក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៤ ម៉ោងដែលបានធ្វើឡើង នៅពេលរសៀល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា នៅក្រោមការ សម្រេចចិត្តនេះ “ប្រសិនបើក្រុមហាម៉ាស់ មិនប្រគល់ចំណាប់ខ្មាំងរបស់យើងមកវិញ នៅវេលាថ្ងៃត្រង់នៅថ្ងៃសៅរ៍ នោះបទឈប់បាញ់ នឹងបញ្ចប់ ហើយកងកម្លាំងការពារអ៊ីស្រាអែល នឹងបន្តការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា រហូតដល់ក្រុមហាម៉ាស់ ត្រូវបរាជ័យយ៉ាងដាច់អហង្ការ”។
នាយករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋមន្ត្រីខុទ្ទកាល័យអ៊ីស្រាអែលទាំងអស់ បានស្វាគមន៍ផែនការ គ្រប់គ្រងតំបន់ហ្គាហ្សា របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឱសានវាទបទឈប់បាញ់របស់លោក។ ការកត់សម្គាល់របស់លោក ណេតាន់យ៉ាហ៊ូ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាស់ បានប្រកាសថា ការប្រគល់ចំណាប់ខ្មាំងដែលបានគ្រោង ទុកសម្រាប់ថ្ងៃសៅរ៍ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)