ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាព នៃការរៀបចំធាតុចូល សម្រាប់សេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដី សរុបចំនួន១៩រូប។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្ដី បានមានមតិស្វាគមន៍ និង អរគុណចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំតាក់តែង ខ្លឹមសារធាតុចូល ដើម្បីស្នើដាក់បញ្ជូល ក្នុងសេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយបានសិក្សា ទាំងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ព្រមទាំងការអនុវត្ដជាក់ស្ដែង នាពេលបច្ចុប្បន្ន។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេប របស់ក្រុមការងាររួចមក លោករដ្ឋមន្រ្ដី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួន ដើម្បីជូនអង្គប្រជុំពិនិត្យ និងពិភាក្សា ក្នុងការប្រមូលធាតុចូល បន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ។
ជាទីបញ្ចប់ លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណ ចំពោះអង្គប្រជុំទាំងមូល ដែលបានពិភាក្សាក្នុងការផ្លាស់ប្ដូរ មតិយោបល់ជាច្រើន ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាការផ្ដល់ជាធាតុចូលមួយចំនួន ដ៏មានសារៈសំខាន់ សម្រាប់ជូនក្រុមការងារដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារស្រប តាមស្មារតីនៃអង្គប្រជុំទាំងមូល៕