ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យ ហ្លួងម៉ែ

រូបភាព៖ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥.០០០.០០០ដុល្លារ របស់កាកបាទក្រហមកម្ពុជា ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្វាគមន៍ និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះថ្នាក់ដឹកនាំ, មន្ត្រី និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាលរៀបចំឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាល​ជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ដូចជា៖ ម៉ាស៊ីនបាញ់កាំរស្មី (:INAC), ម៉ាស៊ីន CT Scan,ម៉ាស៊ីន RF Ablation System, ម៉ាស៊ីន C-Arm, ម៉ាស៊ីន Endoscope Ultrasound System ។ល។ ដែលអាចដំណើរការដំណាក់កាលដំបូង បានចាប់តាំងពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ រៀងមក។

លោកជំទាវបណ្ឌិត មានប្រសាសន៍បញ្ជាក់ថា «ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យចាប់ពីខែមីនា ខាងមុខនេះ, បានជាកាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ ជូនមន្ទីរពេទ្យនូវថវិកា ចំនួន ៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់ បានបន្ថែមទៀត នូវសម្ភារៈបរិក្ខារដែលមានដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើត​មន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត» ។

ទន្ទឹមនឹងនេះ ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែ ជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាព របស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿ យ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈ និងប្រកបដោយក្របសីលធម៌។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ថវិកាដែល បានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួល បានពីសប្បុរសជន ពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។ មូលនិធិទទួលបានពីទិវា៨​ឧសភា កាកបាទក្រហមកម្ពុជា តែងតែបានជួយឧបត្ថម្ភទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១លាន​ដុល្លារជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក), បានចូលរួមក្នុងការកសាងមន្ទីរពេទ្យស្ត្រីនគរទេព, បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត្រ, បានចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប​, បានចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ, កុមារកំព្រា/អ្នកពិការ, អង្គការ/សមាគមមួយចំនួន។ ជាមួយគ្នានេះ ដោយសារការងារអប់រំថែទាំ សុខភាពសហគមន៍ជា វិស័យអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជា សមាគមជាតិទាំងនៅថ្នាក់កណ្តាល និងសាខា តែងតែមានសកម្មភាព ជាប្រចាំក្នុងការអប់រំផ្សព្វផ្សាយ សុខភាពសហគមន៍, ការថែទាំសុខភាពបឋម និងការបង្ការទប់ស្កាត់ ជំងឺឆ្លង-មិនឆ្លងនានានៅតាមជនបទ​ និងតាមគ្រឹះស្ថានសិក្សា» ។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។ ទន្ទឹមនឹងនេះ លោក សូមចងចាំជានិច្ចនូវគុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបត្ថម្ភជូន ដល់មន្ទីរពេទ្យ ដែលនេះជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ៕

To Top