ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការ ដើម្បីពិភពលោកទាំងអស់គ្នា(Global Together) នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរបានលើកឡើង ពីការគាំទ្រលើកម្មវិធី បណ្តុះបណ្តាល ជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់អភិវឌ្ឍកម្លាំងពលកម្ម ជំនាញនៅកម្ពុជា។

លោក ហេង សួរ រំពឹងថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងអាចជួយទាក់ទាញ អ្នកវិនិយោគកូរ៉េ មកកម្ពុជាបន្ថែមទៀត ដោយសារកម្ពុជា មានសិស្សដែលចេះជំនាញ បច្ចេកទេស ដូចសិស្សនៅកូរ៉េដែរ ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏មើលឃើញថា ពេលដែលកម្ពុជា មានសិស្សមានជំនាញ បច្ចេកទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរ ដែលអាចគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមខ្លួនជាស្រេច ចំពោះសំណូមពរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការ សម្រាប់គំនិតផ្តួចផ្តើម រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ។

ជាការឆ្លើយតប លោក គីម ជីនផ្យូ បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េ ជាមួយរាជរដ្ឋាភិបាលកម្ពជា ក៏ដូចជារវាង វិទ្យាស្ថានពហុបច្ចេក ទេសកូរ៉េ ជាមួយវិទ្យាស្ថាន ពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើកម្មវិធី បណ្តុះបណ្តាល ជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក ដែលនឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្ម ជំនាញបច្ចេកទេស នៅកម្ពុជា។លោក សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ KOICA និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំង ពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញ តម្រូវការរបស់អ្នក វិនិយោគបរទេស ៕





