ព័ត៌មានជាតិ

CMAC ប្ដេជ្ញាដោះស្រាយគ្រប់លទ្ធភាព ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ ឲ្យនៅបន្ដបំពេញភារកិច្ចជាធម្មតា ទោះបីអាមេរិកផ្អាកជំនួយ

" "

ភ្នំពេញ៖ អង្គភាព CMAC បានបង្ហាញក្ដីប្ដេជ្ញាដោះស្រាយគ្រប់លទ្ធភាព ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ ទោះបីអាមេរិកផ្អាកជំនួយ ក្នុងសកម្មភាពដោះមីននៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា អង្គភាព CMAC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយស្នើសុំអង្គភាពCMAC ធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការ ដែលស្ថិតនៅក្នុងគម្រោងជំនួយ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

" "

លិខិតបញ្ជាក់ថា «ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMAC នឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះ ឲ្យនៅបន្ដបំពេញភារកិច្ច ក្នុងអង្គភាពជាធម្មតា»។

" "

សូមបញ្ជាក់ថា គម្រោងជំនួយថ្មីៗ ដែលអង្គភាពCMAC ទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយ បន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញ ដែលមានស្រាប់ និងមិនមែនជាជំនួយ ដែលត្រូវយកមកជំនួសកម្លាំងជំនាញ ដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។​

ក្នុងពេលជាមួយគ្នានេះ​ កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២% បន្ដដំណើរការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG៕

To Top