ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ អូស្ត្រាលី បានផ្លាស់ប្ដូរពីម្ចាស់ជំនួយ ទៅជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អូស្ត្រាលីបានផ្លាស់ប្ដូរពីម្ចាស់ជំនួយ ទៅជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ក្នុងពិធីបុណ្យជាតិរបស់ប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកឡើងពីទំនាក់ទនងជាប្រវត្តិសាស្ត្រ នៃចំណងការទូតរវាងកម្ពុជានិងអូស្ត្រាលី គឺចាប់ផ្ដើមតាំងពីឆ្នាំ១៩៥២ មកម្លះ។

ចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី បានរក្សានូវមិត្តភាពដ៏រឹងមាំនិងស្អិតរមួត ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីក្នុងបរិយាកាសគោរពនិងផ្ដល់តម្លៃគ្នា ក៏ដូចជាផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ជាការកត់សម្គាល់ ប្រទេសអូស្ត្រាលី កន្លងមកបានចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍ (Australia Awards) របស់រដ្ឋាភិបាលអូស្ត្រាលី។ លើសពីនេះ អូស្ត្រាលីក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងវិស័យមុខងារសាធារណៈកម្ពុជាតាមរយៈការកសាងសមត្ថភាពក្រោមយន្តការផ្សេងៗ រួមទាំងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ប្រទេសអូស្ត្រាលីផងដែរ។

ជាក់ស្ដែង កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ត្រូវបានអនុវត្តក្រោមមូលនិធិ Trust Fund របស់រដ្ឋាភិបាលអូស្ត្រាលី និងសហភាពអឺរ៉ុប ដោយសាលាភូមិន្ទរដ្ឋបាល សម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីបំពេញតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ និយាយពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី អូស្ត្រាលីបានចូលរួមចំណែក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។

រីឯក្នុងក្របខណ្ឌនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ស្តែងឱ្យឃើញតាមរយៈការគាំទ្រ សម្រាប់ដំណើរអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជាក្នុងបេសកកម្ម អ៊ុនតាក់ (UNTAC)រហូតមកដល់ចំណុចអូស្ត្រាលី បានផ្លាស់ប្ដូរពីម្ចាស់ជំនួយទៅជា ដៃគូអភិវឌ្ឍន៍របស់កម្ពុជា។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីចំពោះការ ខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅភាពរីកចម្រើន ថែមទៀតក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី៕

To Top