ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានលើកឡើងថា អង្គការតម្លាភាព (TI) ដែលចោទប្រកាន់កម្ពុជា បានប្រព្រឹត្តអំពើពុករលួយ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺជារឿងមិនពិត ដែលមិនបានប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ។
ការលើកឡើងរបស់អ្នក នាំពាក្យនេះ បន្ទាប់ពីអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃ១២ កុម្ភៈបានចេញផ្សាយរបាយការណ៍មួយថា កម្ពុជាបានជាប់ចំណាត់ ថ្នាក់លេខ២ ខាងប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីភូមាជាប់លេខ១ក្នុងចំណោមបណ្តាប្រទេសទាំង១០នៅតំបន់អាស៊ាន ។ ក្នុងនោះកម្ពុជា ទទួលបានត្រឹមតែ២១ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន១០០។ ពិន្ទុទាបបែបនេះ ទើបនាំឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេស ចំនួន១៨០ នៅលើពិភពលោក។

លោក សយ ច័ន្ទវិចិត្របានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៤ កុម្ភៈថា “ជារៀងរាល់ឆ្នាំអង្គការនេះ (TI) តែងតែចេញរបាយការណ៍របស់ពួកគេ ខ្ញុំមិនមានការអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែសូមបញ្ជាក់ថារបាយការណ៍នេះមិនមានមូលដ្ឋានច្បាស់លាស់ មិនបានប្រមូលព័ត៌មានពិតប្រាកដគ្រប់ជ្រុងជ្រោយ និងមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងដែលកើតមាននៅកម្ពុជាឡើយ” ។
លោកថា ប៉ុន្តែទោះយ៉ាងនេះក្តី ក៏អង្គភាពក៏ចាត់ទុករបាយការណ៍នេះជាព័ត៌មានមួយ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
សម្រាប់បញ្ហាពុករលួយនេះដែរ លោក សយ ច័ន្ទវិចិត្រ ក៏បានរៀបរាប់ថា កម្ពុជា តែងគោរពតាមយន្តការ របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ (UNCAC) ក្នុងនាមជារដ្ឋភាគីដែលកម្ពុជា បានចូលជាសមាជិក តាំងពីឆ្នាំ២០០៧មក ។ នេះជាយន្តការសកលក្នុងបុព្វហេតុ នៃការប្រឆាំងអំពើពុករលួយ ។ ក្នុងនាមជារដ្ឋភាគីកម្ពុជា មានកាតព្វកិច្ចបំពេញ តាមលក្ខខណ្ឌតម្រូវទាំងឡាយ នៃអនុសញ្ញានេះ ទាំងក្របខណ្ឌច្បាប់ និងការអនុវត្តសកម្មភាព ។
ក្នុងនោះកម្ពុជាក៏ បានទទួលក្រុមការងារត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិ មកកាន់កម្ពុជាតាមការកំណត់ជាប្រចាំ និងទទួលយកអនុសាសន៍ ដែលមានលក្ខណៈស្ថាបនា ដើម្បីការកែទម្រង់ ។ កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះ ក៏បានបំពេញតួនាទី ជាអ្នកត្រួតពិនិត្យការអនុវត្ត របស់ប្រទេសមួយ ចំនួនផងដែរកន្លងមក ៕
