ព័ត៌មានជាតិ

លោក ទូច សុឃៈ៖ គម្រោងផែនការធ្វើឃាតសម្តេចតេជោ គឺថ្នាក់ដឹកនាំកំណត់ មុខសញ្ញាបានខ្លះៗហើយ

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះគម្រោងរបស់ក្រុមប្រឆាំង ដែលមានផែនការរៀបគម្រោងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺថ្នាក់ដឹកនាំបានកំណត់មុខសញ្ញាបានខ្លះៗហើយ។

លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍នាថ្ងៃ១៣ កុម្ភៈថា “ចំពោះមុខសញ្ញាលទ្ធផលនៃ ការអង្កេតស្រាវជ្រាវជនពាក់ព័ន្ធ ខ្ញុំគិតថា រឿងនេះថ្នាក់ដឹកនាំលោកបានដឹងមុខសញ្ញាហើយ ក៏បានអនុវត្តច្បាប់ត្រឹមត្រូវក្នុងការបង្ក្រាប ទៅលើមុខសញ្ញាបានមួយជំហានហើយ ដូចដែលប្រសាសន៍របស់សម្តេចតេជោលោកបានទម្លាយ”។

លោកបន្តថា ប៉ុន្តែករណីកំណត់មុខសញ្ញានេះ ក៏មិនអាចបើកបង្ហាញដោយចំហរនូវលទ្ធផល នៃការស៊ើបអង្កេតស្រាវជ្រាវ និងលទ្ធផលនៃការបង្ក្រាបទេដើម្បីកុំឲ្យពួកគេដឹងខ្លួនមុន ។ លោកថា ក្នុងនោះមន្រ្តីជំនាញគ្រប់ភាគីពាក់ព័ន្ធ បានរួមសហការគ្នាក្នុងការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត ដោយរក្សាភាពសម្ងាត់ដើម្បីសុវត្ថិភាពសង្គមជាតិទាំងមូល។

លោកគូសបញ្ជាក់ថា កាលណាតែមានការប៉ះពាល់ដល់សម្តេចតេជោ ហ៊ុន សែនក្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែតក្តីនិងក្រុមគ្រួសារក្តី គឺមិនមែនជារឿងបុគ្គលនោះទេ ប៉ុន្តែជាស្ថេរភាពជាតិទាំងមូលដែលអាច នាំឲ្យមានហានិភ័យធ្ងន់ធ្ងរបំផុត ដូច្នេះសួមឲ្យផែនការដ៏ខ្មៅកខ្វក់ ដែលមានបរទេសជួយពីក្រោយត្រូវរួមគ្នាទប់ស្កាត់ ដើម្បីនាំមកនូវសន្តិសុខ និងផលប្រយោជន៍ប្រទេសជាតិ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃ១៣ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេចនិងគ្រួសារ ក្រោយមានសារសំឡេងបែកធ្លាយ អំពីការប៉ុនប៉ងធ្វើឃាតសម្ដេច តាមរយៈយន្ដហោះដ្រូន វាយប្រហារភូមិគ្រឹះសម្ដេចនៅក្រុងតាខ្មៅ ៕

To Top