ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ កុម្ភៈនេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យប្រើប្រាស់សាកល្បង នូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦:០០ នាទីល្ងាច រហូតដល់ ម៉ោង ១១:០០ នាទីយប់។
ជាការកត់សម្គាល់ បន្ទាប់ពីការបើកដំណើរការសាកល្បង គម្រោងផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបានការគាំទ្រ និងចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តជាច្រើន ពោលគឺបានកើនឡើងជាបន្តបន្ទាប់។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការ របស់រថយន្តក្រុងសាធារណៈ ខ្សែទី២A, ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ឱ្យមានដំណើរការរហូតដល់ម៉ោង ១១:០០ នាទីយប់ ដូចខាងក្រោម៖
១- ខ្សែទី២A មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង និងពីស្ថានីយរថយន្តក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល) ដែលឆ្លងកាត់តាមផ្លូវលេខ៤៧ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បន្តរត់តាម មហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) ផ្លូវលេខ១៧២ តាមមហាវិថីព្រះនរោត្តម ឆ្លងស្ពានអាកាសក្បាលថ្នល់ កាត់តាមផ្លូវជាតិលេខ២ ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល)។
- កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): BO៧ (ចំណត ផ្សារចាស់លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), BO៩ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១០ (ចំណតសារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១១ (ចំណតផ្សារកណ្តាល ផ្លូវលេខ១៣ កែងផ្លូវលេខ ១៥៤), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B១៤ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១៦ (ខាងក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤)
២- ខ្សែទី៣ មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ តាមផ្លូវជាតិលេខ៥ រួចរត់តាមតីរវិថីព្រះស៊ីសុវត្ថិ តាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) រត់តាមមហាវិថីព្រះនរោត្តម តាមវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) មហាវិថីកម្ពុជាក្រោម ឆ្លងស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី ស្ពានអាកាសចោមចៅ បន្តរត់មកផ្លូវជាតិលេខ៣ បត់ឆ្វេងតាមផ្លូវ ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
- កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): B១០ (ចំណត សារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)។
៣- ខ្សែទី៤A មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ដែលឆ្លងកាត់តាមផ្លូវជាតិលេខ៥ រហូតមកដល់រង្វង់មូលគួចកាណុង តាមផ្លូវលេខ៤៧ រហូតដល់រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) បន្តរត់តាមមហាវិថី ហ្សាលដឺហ្គោល រួចបន្តរត់តាមមហាវិថីព្រះមុនីរ៉េត ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រត់តាមមហាវិថីចោមចៅ តាមផ្សារទួលពង្រ តាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
- កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង (Walk Street): B១០ (ចំណតសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)៕
![](https://dap-news.com/wp-content/uploads/2025/02/122-1-1024x725.jpg)
![](https://dap-news.com/wp-content/uploads/2025/02/121-1-1024x731.jpg)
![](https://dap-news.com/wp-content/uploads/2025/02/120-1-1024x725.jpg)
![](https://dap-news.com/wp-content/uploads/2025/02/119-1024x725.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)