បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយស្តីពីជោគវាសនារបស់ខ្លួនដែលសម្រេចទ្វេភាគីដោយរុស្ស៊ី និងសហរដ្ឋអាមេរិក អំពីរបៀបបញ្ចប់សង្រ្គាមរយៈពេលបីឆ្នាំរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនដោយគ្មានការចូលរួមពីទីក្រុងគៀវ នោះទេ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងក្នុងនាមជាប្រទេសឯករាជ្យមួយ ជាធម្មតានឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានយើងបានទេ” ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហើយមេដឹកនាំទាំងពីរបានយល់ស្របថា ការចរចាដើម្បីបញ្ចប់សង្រ្គាមគួរតែចាប់ផ្តើមភ្លាមៗ ដោយលោក ត្រាំ បានស្នើថា អាមេរិករុស្ស៊ីអាចនឹងរៀបចំកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗនេះ។ ក្រោយមក ត្រាំ បានពិភាក្សាជាមួយ ហ្សេលេនស្គី ហើយបានជូនដំណឹងដល់គាត់អំពីការពិភាក្សារបស់គាត់ជាមួយពូទីន។
ទោះយ៉ាងណាកាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បាននិយាយបន្ទាប់ពីនិយាយជាមួយលោក ត្រាំ ថា “យើងបានពិភាក្សាអំពីភាពខុសប្លែកគ្នាជាច្រើន ការទូត យោធា សេដ្ឋកិច្ច ហើយលោកប្រធានាធិបតី ត្រាំ បានប្រាប់ខ្ញុំពីអ្វីដែលពូទីនបានប្រាប់គាត់។ យើងជឿជាក់ថា អំណាចរបស់អាមេរិកគឺគ្រប់គ្រាន់ ដើម្បីរួមគ្នាជាមួយយើង រួមជាមួយដៃគូទាំងអស់ ដាក់សម្ពាធលើរុស្ស៊ី និងលោកពូទីន ឆ្ពោះទៅរកសន្តិភាព»៕
ប្រែសម្រួលៈ ណៃ តុលា
