គែរ ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បានអះអាងជាថ្មីថា ការបដិសេធយ៉ាងម៉ឺងម៉ាត់ របស់សម្ព័ន្ធអារ៉ាប់ ចំពោះការប៉ុនប៉ងផ្លាស់ប្តូរ ប្រជាជនប៉ាឡេស្ទីនចេញ ពីទឹកដីរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា “ហ្គាហ្សាមិនមែនសម្រាប់លក់នោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Aboul-Gheit បានឲ្យដឹងក្នុងសម័យប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់សម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ ដែលផ្សាយតាមទូរទស្សន៍រដ្ឋអេហ្ស៊ីបថា “ខ្ញុំបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់ខាត នៃសម្ព័ន្ធអារ៉ាប់ ដែលជាស្ថាប័ន ប្រមូលផ្តុំរដ្ឋអារ៉ាប់ទាំងអស់ ពីការប៉ុនប៉ងណាមួយ ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ ក្រោមលេសណាមួយ” ។
លោកបានសង្កត់ធ្ងន់ថា ហ្គាហ្សា គឺជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ដែលនឹងត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧ ជាមួយនឹងក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ស្របតាមដំណោះស្រាយរដ្ឋពីរ។ លោក Aboul-Gheit ក៏បានសង្កត់ធ្ងន់ថា បញ្ហាប៉ាឡេស្ទីនគឺជាមូលហេតុចម្បងសម្រាប់ប្រជាជនអារ៉ាប់ ទាំងប្រជាជន និងរដ្ឋាភិបាល។
ប្រធានសម្ព័ន្ធអារ៉ាប់រូបនេះបានបន្ថែមថា ការប៉ុនប៉ងទាំងនេះដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនបង្កើតភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះសិទ្ធិរបស់ពួកគេ។ លោក Aboul-Gheit ក៏បានបរិហារការកើនឡើងយោធារបស់អ៊ីស្រាអែលនាពេលថ្មីៗនេះនៅតំបន់ West Bank ផងដែរ។
ការកត់សម្គាល់នេះបានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបានស្នើឱ្យមានការអភិវឌ្ឍន៍ឡើងវិញ នូវតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួនទៅកាន់ប្រទេសជិតខាងរួមទាំងហ្សកដានី និងអេហ្ស៊ីប។ សំណើចម្រូងចម្រាសនេះ ត្រូវបានច្រានចោល ទាំងក្នុងតំបន់ និងអន្តរជាតិ។ នៅក្នុងនោះដែរទីក្រុងគែរ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល អារ៉ាប់បន្ទាន់មួយនៅថ្ងៃទី ២៧ ខែកុម្ភៈ ដើម្បីដោះស្រាយការវិវត្តចុងក្រោយនៃបញ្ហាប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា
