ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហេង រតនា បានឱ្យដឹងថា លោកបានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំងនិងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពស៊ីម៉ាក់ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ខ្ញុំនិងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ ។

លោកបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា «សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតិឱ្យអង្គភាព CMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ ដោយសារការផ្អាកនិងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ»។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិក អង្គភាព CMAC ទាំងមូល សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី ដែលតែងតែគិតគូរ និងដោះស្រាយបញ្ហាប្រឈមនានា។

សូមរំលឹកថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានរយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ ដល់កម្លាំងប្រតិបត្តិការមួយចំនួន របស់អង្គភាព CMAC ដែលគាំទ្រ ដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។ ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ មានថវិកាចំនួនប្រមាណ ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ចំនួន២១០នាក់ ដែលកំពុង បំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង៕
