បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីអាមេរិកលោក J.D. Vance អាចនឹងប្រកាសក្នុងពេលឆាប់ៗនេះ អំពីការដកទ័ពអាមេរិកទ្រង់ទ្រាយធំពីអឺរ៉ុប។
ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីលោក Christoph Heusgen ដែលជាប្រធានសន្និសិទសន្តិសុខទីក្រុង Munich ដែលបានធ្វើឡើងលើកឡើងបែបនេះកាលពីថ្ងៃសុក្រ។
លោក Vance កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះរហូតដល់ថ្ងៃអាទិត្យ ហើយបានរិះគន់មេដឹកនាំអឺរ៉ុបរួចហើយនៅក្នុងសុន្ទរកថារបស់គាត់ ដោយបញ្ជាក់ថា ពេលខ្លះវាមិនច្បាស់ថាមានអ្វីកើតឡើងចំពោះ អ្នកឈ្នះសង្គ្រាមត្រជាក់ មួយចំនួន។
ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយវិទ្យុអាឡឺម៉ង់ Deutschlandfunk លោក Heusgen បានអះអាងថាគាត់ជឿជាក់ថាថ្ងៃនេះអនុប្រធានាធិបតីអាមេរិក នឹងប្រកាសថាផ្នែកធំនៃកងទ័ពអាមេរិកនឹងត្រូវបានដកចេញពីអឺរ៉ុប។
ការអត្ថាធិប្បាយរបស់លោក Heusgen ធ្វើឡើងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះដែលថា ប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងកាត់បន្ថយវត្តមានកងទ័ពរបស់ប្រទេសលោកនៅក្នុងទ្វីបអឺរ៉ុបប្រហែល២០ភាគរយ ឬ ២០,០០០នាក់ ដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញលើការប្តេជ្ញាចិត្តរបស់វ៉ាស៊ីនតោនក្នុងការការពារអឺរ៉ុប៕
ប្រែសម្រួល៖ ស៊ុនលី
