ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទិន្នផលត្រីឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទិន្នផលត្រីឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន»។

សម្តេចបវរធិបតី បន្ដថា លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា៕

To Top