បរទេស ៖ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹង ប្រែងដើម្បីបង្ក្រាបក្រុមឆបោកអន្តរជាតិ នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយបានបញ្ជូនជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ខ្លួនគឺលោក Liu Zhongyi ធ្វើដំណើរទៅតំបន់នេះ និងស្វែងរកការគាំទ្រដើម្បីជំរុញការបង្ក្រាបនេះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Liu Zhongyi ដែលជាមន្ត្រីប៉ូលីសជើងចាស់ បានមកដល់អាកាសយានដ្ឋាន ដុនមឿង ប្រទេសថៃ កាលពីថ្ងៃអាទិត្យ រួមជាមួយគណៈប្រតិភូចិនប្រហែល ២៦នាក់ផ្សេងទៀត មុនពេលធ្វើដំណើរ តាមយន្តហោះទៅកាន់ស្រុក Mae Sot នៃខេត្ត Tak និងឆ្លងកាត់ព្រំដែន ចូលទៅក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ។
លោកត្រូវបានគេរំពឹងថា នឹងត្រលប់ទៅប្រទេសចិនវិញ ជាមួយនឹងក្រុមទីមួយនៃជនជាតិចិនប្រហែល ៦០០ នាក់ ដែលត្រូវបានជួយសង្គ្រោះពីក្រុម ឆបោកដែលប្រតិបត្តិការនៅក្នុង Myawaddy មុនពេលការវាយឆ្មក់ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
យោងតាមប្រភពស្និទ្ធនឹងរដ្ឋាភិបាលបានឱ្យដឹងថា ជនជាតិចិនទាំងនោះ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរជួល។
មន្ត្រីមីយ៉ាន់ម៉ាក្នុងស្រុកម្នាក់នៅទីក្រុង Myawaddy ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កម្លាំងសន្តិសុខរួមបញ្ចូលគ្នាបានជួយសង្គ្រោះមនុស្សចំនួន ៧៣១ នាក់មកពីប្រទេសចំនួន ៨ រួម ទាំងប្រទេសថៃផងដែរ ក្នុងការវាយឆ្មក់នាពេលថ្មីៗនេះ៕
