ព័ត៌មានជាតិ

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការ អន្តរជាតិ លើបញ្ហាកោះគុត

ភ្នំពេញ៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹង ទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយ អន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរ ដែលមានមូលដ្ឋាន នៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំង គួរឈប់យកពលករ ធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើ ដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយ របស់ពួកគេទៀតទៅ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជា​ថៃ មិនអាចពឹងផ្អែកលើយន្តការ អន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុតមិនទាន់ មានការដាច់ស្រេច រវាងកម្ពុជា និងភាគីថៃនៅឡើយទេ។

ផ្ទុយមកវិញ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចរចា លើបញ្ហា បូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចរចា បែបនេះទេ ទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែង រកដំណោះស្រាយដ៏ល្អបំផុត ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ ដែលបំផុសបំផុល ដោយក្រុមប្រឆាំង នៅក្រៅប្រទេស ដែលមានជំនាញក្នុងការកៀរគរពលករ ធ្វើបាតុកម្មខុសច្បាប់ នៅក្រៅប្រទេស ដើម្បីបំពេញ ផលប្រយោជន៍ នយោបាយរបស់ពួកគេ ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេស មិនបានធ្វើសកម្មភាពណាមួយផ្តល់ ផលប្រយោជន៍លើការ ដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ នោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថា បញ្ហាកោះគុតមិនអាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ។  ដោយឡែកបាតុកម្ម របស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពលករ ដែលកំពុងធ្វើការ នៅក្រៅប្រទេស តែម្តង។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយ របស់បងប្អូនពលករខ្មែរ នៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះគឺ ត្រូវមានការពិចារណាឱ្យ បានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួន នៃរបៀបវារៈនយោបាយ របស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ និងខ្លួនឯងដែលកំពុងធ្វើការ នៅលើទឹកដីបរទេស ។

អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវរូបនេះសង្កត់ធ្ងន់ថា គណបក្សប្រឆាំង ដឹងហើយថាដំណោះស្រាយមួយណាចំណេញដល់ជាតិ មួយណាមិនចំណេញ ក៏ប៉ុន្តែដើម្បីរបៀបវារៈនយោបាយ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាង បើទោះបីអ្វី ដែលពួកគេធ្វើនោះ មិនមានផលចំណេញ ដល់ការដោះស្រាយ បញ្ហាជាតិក៏ដោយ។ ជាក់ស្តែង ការកៀរគរឱ្យចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងារ របស់ពលករនៅក្រៅប្រទេស ផងដែរ ៕

To Top