ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជា ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគ ទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុងនោះ, ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា លើវិស័យយានយន្ដប្រើប្រាស់ ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី ។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាព ភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរង នូវផលប៉ះពាល់ដោយ សារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះក្រុមហ៊ុនដែលបានបង្ហាញ ចំណាប់អារម្មណ៍នៅក្នុងការ ស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជា នៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាស វិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពី គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិន នានានៅក្នុងប្រទេសកម្ពុជា ៕
