ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំ នៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃ ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃ ការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព រហូតដល់មន្ត្រីចូលនិវត្តន៍ប្រកបដោយឧត្តមភាព។

ទន្ទឹមនេះ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងក្លាយជាឱកាសក្នុងការពង្រឹងខ្លួន កាន់តែរឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពកូនខ្មែរ ជាពិសេសក្នុងបរិបទឌីជីថល ដើម្បីបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងកាន់តែសកម្មក្នុងកម្រិត ប្រកួតប្រជែងជាលក្ខណៈតំបន់ និងសាកល នោះគឺ ប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា «ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាពិសេសការចំណាយលើបន្ទុកបុគ្គលិក ពោលគឺការប្រើប្រាស់ថវិកាប្រកបដោយ ប្រសិទ្ធភាពដោយមានមន្ត្រីដែលពោរពេញទៅដោយសមត្ថភាព មានគុណវុឌ្ឍិ ចំណេះជំនាញ ជាក់លាក់ និងអាចសម្រេចចេញជាសមិទ្ធកម្មច្បាស់លាស់ពិតប្រាកដ សម្រាប់ជាតិ និងប្រជាជន»។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈនេះ មិនមែនទើបតែចាប់ផ្តើមធ្វើឡើងតែក្នុងពេលនេះ ឬធ្វើតែនៅកម្ពុជានោះទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តការអនុវត្តដោយសម្រួចមុំ ហើយការងារទាំងនេះត្រូវបានមើលឃើញថា មានអនុវត្តនៅតាមប្រទេសនានាជាច្រើនក្នុងតំបន់ និងលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ប្រព័ន្ធរដ្ឋបាលសាធារណៈ ដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាកិច្ចរបស់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយដោយឡែកនោះទេ។ ទោះបីជាក្រសួងនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ទាំងប្រវត្តិ ការវិវឌ្ឍ ដំណើរការទាំងផ្នែកនយោបាយ និងបច្ចេកទេសរបស់ក្រសួងនីមួយៗក៏ដោយ តែការងារដ៏សំខាន់នេះ ទាមទារឱ្យមានការសហការ រួមចិត្ត រួមគំនិត រួមទស្សនៈ រួមផ្នត់គំនិត រួមស្មារតី និងរួមសកម្មភាព ក្នុងនាមជាអ្នកផ្តល់សេវា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយទើបយើងអាចសម្រេចបានជោគជ័យរួមគ្នា៕

To Top