ព័ត៌មានជាតិ

ពលករ និងសិស្សនិស្សិតកម្ពុជា នៅប្រទេសថៃ ប្រឆាំងនឹងគម្រោងបាតុកម្ម នៅកូរ៉េ ដែលជាការញុះញង់ពីក្រុមប្រឆាំង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ បានលើកបដាប្រឆាំង នឹងគម្រោងបាតុកម្ម ដែលជាការញុះញង់ ពីក្រុមជ្រុល និយមឧទ្ទាមក្រៅច្បាប់ខណៈពួកគេ បានថ្កោលទោសមេដឹកនាំជ្រុលនិយម ដែលតែងតែរៀបចំផែនការ ធ្វើបាតុកម្មបង្កការ រំខានពេលវេលា ភារកិច្ចរបស់ពួកគេជាខ្លាំង ។

អ្នកស្រី ញ៉ា រដ្ឋា ប្រជាពលរដ្ឋ កំពុងរស់នៅ និងបម្រើការងារនៅប្រទេសថៃបាននិយាយថា៖«សូមបងប្អូនយើងនៅថៃ កុំទៅចូលរួមពាក់ព័ន្ធនឹង បាតុកម្មជាមួយក្រុមជ្រុលនិយម ។ យើងខ្ញុំជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្ម តាមការញុះញង់របស់ក្រុមនោះទេ» ។ អ្នកស្រីបន្តថា អ្នកស្រីមិនរំជើបរំជួល តាមការបំផុសបំផុល របស់ក្រុមប្រឆាំង ជ្រុលនិយមនោះទេ ព្រោះការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ ជាពិសេសអាចបង្កស្ថានការណ៍ នយោបាយកាន់តែតានតឹង និងឈានដល់ជម្លោះព្រំដែនទៀតផង ។

លោក ឆេង គឹមសឿន ប្រជាពលរដ្ឋខ្មែរ កំពុងបម្រើការងារនៅប្រទេសថៃបាននិយាយថា៖«យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការចរចាបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង» ។ លោកបន្តថា ៖ «ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេ នាំឱ្យគេមើលងាយ នោះទេ ដូច្នេះពលរដ្ឋផ្សេងទៀត សូមកុំចាញ់ឧបាយកលបោកបញ្ឆោត របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងញុះញង់ បងប្អូនឱ្យចូលរួមបាតុកម្ម ដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ»។

ពលរដ្ឋខ្មែរធ្វើការងារនៅស្រុកថៃរូបនេះបានបន្ថែមថា បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និង សង្គមជាតិទាំងមូលនៅលើទឹកដីបរទេស។ ដូចនេះ សូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅស្រុកថៃ កុំទៅចូលរួមបាតុកម្ម ដែលរៀបចំដោយក្រុមប្រឆាំង។

កញ្ញា សួន ស្រីនិច ពលករខ្មែរនៅប្រទេសថៃបាននិយាយថា៖«យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុងការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង» ។ កញ្ញាបានកត់សម្គាល់ឃើញថា ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេ ក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញ ពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា។

ចំណែកលោក ពិសី រដ្ឋា ប្រជាពលរដ្ឋ បម្រើការងារ នៅប្រទេសថៃ បាននិយាយថា ៖ «ខ្ញុំគោរពឆន្ទៈរបស់បងប្អូន ដែលកំពុងរស់នៅស្រុកថៃ ប្រកាសមិនចូលរួមធ្វើបាតុកម្ម តាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយខ្ញុំក៏ប្រកាសមិនគាំទ្រ បាតុកម្មដូចជាបងប្អូនយើងដែរ ព្រោះបាតុកម្មមិនមានផលចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើរបៀបវារៈនយោបាយដ៏កខ្វក់ របស់ពួកគេប៉ុណ្ណោះ។

លោកបន្តថា ក្រុមជ្រុលនិយម នៅតែប្រើលេស ទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរ ដែលមាននិន្នាការបម្រើ នយោបាយបរទេសប៉ុណ្ណោះ ដែលចង់រុញខែ្មរឱ្យ ប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់ៗជុំវិញ សំណុំរឿង កោះគុត ខណៈប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល ។

គួររំឭកថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងក្រៅប្រទេសជាបុគ្គលដែលនៅពីក្រោយគ្នីគ្នាមួយក្ដាប់តូចកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ និងជប៉ុន ដោយព្យាយាមញុះញង់ មួលបង្កាច់ឱ្យមានការរើសអើងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើមហិច្ចតានយោបាយ គ្មានគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ ចេតនារបស់ទណ្ឌិត សម រង្ស៊ី គឺជាការសងសឹកគំនុំផ្ទាល់ខ្លួន ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្ស មកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ បងប្អូនមិនគួរចូលរួមក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ីនោះទេ ហើយចៀសឱ្យឆ្ងាយពីបុគ្គលរូបនេះ និងងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ៕

To Top