គែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី និងរាជទាយាទហ្ស៊កដានី Al Hussein bin Abdullah II បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យពីភាពចាំបាច់ នៃការចាប់ផ្តើមការកសាងឡើងវិញ នៃតំបន់ហ្គាហ្សាជាបន្ទាន់ ដោយមិនត្រូវផ្លាស់ ទីប្រជាជនប៉ាឡេស្ទីន ចេញពីដីរបស់ពួកគេឡើយ។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅរដ្ឋធានី គ៊ែររបស់អេហ្ស៊ីប ពួកគេបានរំលឹកឡើងវិញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ មួយនៅតាមបណ្តោយព្រំដែនថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលមានក្រុងហ្សេរុយសាឡឹម ខាងកើតជារដ្ឋធានី នៅតែជាការធានាតែមួយគត់ សម្រាប់ការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។
ព្រះអង្គម្ចាស់នៃប្រទេសហ្ស៊កដានី បានបញ្ជាក់ពីការគាំទ្រ របស់ប្រទេសរបស់ទ្រង់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអេហ្ស៊ីបក្នុងការរៀបចំផែនការកសាងឡើងវិញ សម្រាប់តំបន់ហ្គាហ្សា ខណៈពេលដែលធានាឱ្យប្រជាជន ប៉ាឡេស្ទីននៅតែមាននៅលើទឹកដីរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ព្រះអង្គម្ចាស់ក៏បានបញ្ជាក់ សារជាថ្មី នូវការគាំទ្ររបស់ហ្ស៊កដានី សម្រាប់កិច្ចប្រជុំកំពូល អារ៉ាប់គ្រាអាសន្ននា ពេលខាងមុខលើ បញ្ហាប៉ាឡេស្ទីន ដែលធ្វើជាម្ចាស់ផ្ទះដោយអេហ្ស៊ីប ដោយសង្កត់ធ្ងន់លើការចាំបាច់ សម្រាប់ការឯកភាព របស់ អារ៉ាប់លើបញ្ហានេះ ។
លោក អាល់ស៊ីស៊ី និងព្រះអង្គម្ចាស់ហ្ស៊កដានី បានព្រមានពីគ្រោះថ្នាក់ នៃការកើនឡើង ដែលកំពុងបន្តនៅតំបន់ West Bank និងការវាយប្រហារលើទីសក្ការៈសាសនាឥស្លាម និងគ្រិស្តសាសនានៅក្រុងយេរ៉ូសាឡឹម ។ កិច្ចប្រជុំក៏បានពិភាក្សា អំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី ដោយប្រទេសទាំងពីរ បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្ត របស់ពួកគេចំពោះឯកភាព ស្ថិរភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី ៕
ប្រែសម្រួល ឈូក បូរ៉ា
