ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវទេសចរ ដើរកម្សាន្តនៅតាមផ្លូវថ្មើរជើង ឬWalk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យនោះ គឺជាជោគជ័យមួយ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅ របស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។

ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងនេះ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ដែលត្រូវធ្វើឡើង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។

មកដល់ពេលនេះ គឺបាន៣សប្ដាហ៍ហើយ ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះត្រួតពិនិត្យរៀងរាល់សប្ដាហ៍ និងបានអះអាងថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមផ្លូវនេះកាន់តែច្រើនឡើងៗ។

ជុំវិញភាពជោគជ័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលខិតខំរៀបចំដាក់ឱ្យដំណើរការ ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពភ្ញៀវទេសចរ ដែលដើរកម្សាន្តនៅតាមផ្លូវថ្មើរជើងនេះ។
សម្ដេចបានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៉ីវិល័យ។

សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃដំបូងៗ មិនសូវមានប្រជាពលរដ្ឋដើរលេងច្រើនទេ ប៉ុន្តែនៅសប្ដាហ៍បន្ទាប់ៗមកទៀត គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិដើរលេងកុះករច្រើនឡើងៗ នេះគឺដោយសារការប្រែប្រួល ការរស់នៅប្រជាពលរដ្ឋកាន់តែស៊ីវិល័យ»។

សូមជម្រាបដែរថា នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) នេះ ក៏មានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៀត ដូចជាការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន៕





