ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បង្ហាញអំពីវឌ្ឍនភាព នៃគម្រោងសិក្សាស្រាវជ្រាអំពី «ការបង្កើតកិច្ចសហការ សេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុន នៅកម្ពុជាប្រកបដោយនិរន្តរភាព» និង គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង សម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្ម សេដ្ឋកិច្ចនៅកម្ពុជា»។

នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាត ជូនគណៈប្រតិភូជប៉ុន រួមមាន លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) រួមជាមួយ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជា អគ្គលេខាធិការ នៃគណៈកម្មាធិការ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញ ជូន លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. អំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាអំពី “ការបង្កើតកិច្ចសហការ សេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុន នៅកម្ពុជាប្រកបដោយនិរន្តរភាព” ដែលធ្វើឡើងដោយ METI និងគម្រោងសិក្សាស្រាវជ្រាវអំពី “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលសិក្សាដោយ ERIA។ គួរបញ្ជាក់ដែរថា របាយការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕

