ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញប្រជាពលរដ្ឋបន្តគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីនាំឱ្យសង្គមជាតិមានការអភិវឌ្ឍ។

ការជំរុញរបស់ទេសរដ្ឋមន្រ្តី លី ធុជ ធ្វើឡើងក្នុងឱកាសតាង ឲ្យឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋឃុំជាលា ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី។

ជាមួយគ្នានោះ សរដ្ឋមន្រ្តី លី ធុជ ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវមានលក្ខណៈទន់ភ្លន់ និងផ្តល់ការគោរពទៅដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញប្រជាពលរដ្ឋបន្តគោរព និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីនាំឱ្យសង្គមជាតិមានការអភិវឌ្ឍ។ ទាំងនេះ គឺស្របតាមបំណងប្រាថ្នា និងគោលដៅពង្រឹងនីតិរដ្ឋរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោក លី ធុជ បានគូសបញ្ជាក់ទៀតថា សង្គមជាតិមួយប្រកបដោយលក្ខណៈសម្បត្តិបរិបូរណ៌ទៅបាន ល្គឹកណាមានការអនុវត្ត និងគោរពច្បាប់បានត្រឹមត្រូវ ខណៈនោះនឹងធ្វើឱ្យសង្គមជាតិមានវិន័យ យុត្តិធម៌ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ សេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍ។ ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានឃុំជាលា ដែលបានស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដឹកនាំមូលដ្ឋានឃុំជាលា ក្នុងការកសាង និងបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសចូលរួមឆ្លើយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលា តាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព ជាពិសេសបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ និងពង្រឹងនូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕
