ព័ត៌មានជាតិ

បុរសកាប់សម្លាប់ប្រពន្ធ នៅខណ្ឌដង្កោ ឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ បុរសម្នាក់ដែលបានធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នៅថ្ងៃ១៩ កុម្ភៈ ហើយរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ កាលពីរាត្រីថ្ងៃ១៩ កុម្ភៈនាថ្ងៃដដែល ។

ការឃាត់ខ្លួននេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឈឹម បញ្ញាពិទូរ្យ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៩ កុម្ភៈ ។

សពជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា ដោយសារបញ្ហាភ្លើងប្រច័ណ្ឌ និងទំនាស់លុយកាក់ជាដើម ។

ជនសង្ស័យត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

To Top