ព័ត៌មានជាតិ

ពលករខ្មែរ នៅប្រទេសកូរ៉េ ប្តេជ្ញាចិត្តមិនចូលរួម ធ្វើបាតុកម្ម ដែលជាការញុះញង់ ដើម្បីប្រឆាំងនឹង ដំណោះស្រាយរាជរដ្ឋាភិបាល ពាក់ព័ន្ធ កោះគុត

" "

ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្ម ដែលជាការញុះញង់របស់ក្រុមប្រឆាំង ជ្រុលនិយម ក្នុងគោលបំណងប្រឆាំង នឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាកោះគុត។ ទន្ទឹមនឹងនេះ ពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅបរទេសទាំងអស់ជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

លោក ពេជ្យ វីរៈ ជាពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវ ដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសកូរ៉េ សូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹង តុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរ ត្រូវជឿជាក់លើមេដឹកនាំខ្មែរ ខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត ។

" "

ពលរដ្ឋខ្មែររូបនេះថា ខ្លួននឹងមិនចូលរួមបាតុកម្ម ជាដាច់ខាត ដែលជាការបំផុសបំផុល ពីសំណាក់ក្រុមបក្ស ប្រឆាំងម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែន បាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិ ផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថាន ការកាន់ តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

" "

ដោយឡែក លោក ពន្លឺ ស៊ូសាន្តណា ជាពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញគោលជំហរថា ខ្លួនមានការជឿជាក់មកលើ រាជរដ្ឋាភិបាលកម្ពុជាក្នុង ការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាង ដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជៀសជាងធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ ដល់កិច្ចការជាតិលើបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង។

ពលករខ្មែរនៅកូរ៉េម្នាក់ទៀត លោក សម ណាង បានអំពាវនាវ ឱ្យពលរដ្ឋខ្មែរ រស់នៅបរទេសទាំងអស់ កុំចូលរួមធ្វើបាតុកម្ម តាមរយៈការអុចអាល របស់ក្រុមប្រឆាំង ជ្រុលនិយម ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង ។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំ ក្នុងការដោះស្រាយ តាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរ អំពាវនាវ ដល់ប្រជាពលរដ្ឋកុំជឿ តាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មកបញ្ឆេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះ រវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈដែលភាគីកម្ពុជា និងថៃ កំពុងតែធ្វើការចរចាគ្នានៅឡើយ៕

To Top