ភ្នំពេញ៖ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ហ៊ុន ម៉ានែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ កុម្ភៈនេះ លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងជំនួបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ, លោកស្រីក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែង នូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-អ៉ីស្រាអែល។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការ កម្ពុជា-អ៉ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកស្រតីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ស្រី ឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ កម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ៕

