កំពង់ស្ពឺ ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះ បានទម្លាក់ កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅ ក្នុងដីរហូតដល់ទៅ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គេបានប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមមួយគ្រាប់ដែលកប់ជ្រៅ ទៅក្នុងដីរហូតដល់៥ម៉ែត្រ ។

យោងតាមមន្ត្រីជំនាញCMAC បានបញ្ជាក់ថា វាជាប្រភេទគ្រាប់បែក ដែលទម្លាក់ចេញពីយន្តហោះ ដើម្បីសម្លាប់មនុស្ស ។ គ្រាប់នេះប្រភេទMK82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម មានរាងទ្រវែង ស្រដៀងទៅ និងគ្រាប់ B52 ដែលទម្លាក់ពីលេីយន្ដហោះ នាសម័យសង្រ្គាម សហរដ្ឋអាមេរិកជាមួយវៀតណាមខាងជេីង នៅទីក្រុងភាគខាងត្បូង ប្រទេសវៀតណាម បច្ចុប្បន្ន(សាយហ្គន) ។
មន្ត្រីជំនាញបានបន្ថែមថា ក្នុងកំឡុងសង្រ្គាមរវាងខ្មែរ និងខ្មែរដែលភាគីម្ខាងបានការគាំទ្រ ពីសម្ព័ន្ធមិត្ត អាមេរិកកាំង ខ្មែរលន់ណុល ត្រូវបានសម្ព័ន្ធមិត្តដឹកគ្រាប់យកមកទម្លាក់ដើម្បីសម្លាប់ខ្មែរ ដោយសារតែសង្រ្គាមផ្ទៃក្នុង។ហើយគ្រាប់បែកមួយគ្រាប់ដែលរកឃេីញនេះគឺជាគ្រាប់បែក ដែលត្រូវបានគេទម្លាក់ ដើម្បីសម្លាប់ខ្មែរនាសម័យកាលនោះ ។

តាមលក្ខណៈបច្ចេកទេស គ្រាប់បែកប្រភេទMK82 អ្នកបច្ចេកទេសថា គ្រាប់ដែលរកឃេីញនៅឃុំត្រែងត្រយឹងនេះ គឺនៅមានប្រសិទ្ធិភាពនៅឡើយ ទោះបីជាវាបានកប់ ក្នុងដីរាប់ឆ្នាំមកហើយក្តី មន្ត្រីជំនាញអះអាងថា មិនអាចដោះបន្សាបនិងដឹកជញ្ជូនបានទេ ដោយស្ថានភាពគ្រាប់បែកពេលនេះគឺ មានហានិភ័យខ្ពស់ ជំនាញត្រូវកាត់បន្សាបដោយម៉ាសុីនស្វ័យប្រវត្តិ ហើយត្រូវធ្វើការកម្ទេចនៅហ្នឹងកន្លែងតែម្តង តែទន្ទឹមនិងធ្វើការកម្ទេចចោល អាជ្ញាធរត្រូវតែប្រកាសនិងអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ឱ្យចាក់ចេញបណ្តោះអាសន្នជាមុនសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងហានិភ័យផ្សេងៗ ដោយរងចាំក្រុមការងារ បញ្ចប់ប្រតិបត្តិការនេះ ៕
ដោយ: សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
