ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់អាមេរិក ដើម្បីជំរុញការលើកលែងពន្ធ

kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Yoji Muto កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលើកលែងផលិតផលជប៉ុន ពីការយកពន្ធខ្ពស់ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

ប្រភពបាននិយាយថា រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថា ខ្លួននឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ចាប់ពីថ្ងៃទី១២ ខែមីនា ហើយលោក Muto កំពុងសម្លឹងរកមើលការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមុនពេលនោះ។ មេដឹកនាំសហរដ្ឋអាមេរិកក៏បានឲ្យដឹងកាលពីថ្ងៃអង្គារថាលោកគ្រោងនឹងដាក់ពន្ធប្រហែល ២៥ ភាគរយលើរថយន្តនាំចូល គ្រឿងអេឡិចត្រូនិក និងឱសថ។ ទីផ្សារសហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។

លោក Muto ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិករួមទាំងលោក Howard Lutnick ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារដោយព្រឹទ្ធសភាអាមេរិក ឱ្យធ្វើជារដ្ឋមន្រ្តីពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ចាប់តាំងពីប្រទេសជប៉ុន បាននាំចេញដែកថែប និងអាលុយមីញ៉ូម ដែលមានគុណភាពខ្ពស់ដែលមិនអាចទិញបាននៅក្នុងសហរដ្ឋអាមេរិក លោក Muto ត្រូវបានគេរំពឹងថា នឹងព្យាយាមបញ្ចុះបញ្ចូលសមភាគីរបស់លោកថាការលើកលែងពន្ធសម្រាប់ផលិតផលទាំងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក។

គាត់ក៏ទំនងជានឹងគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Toyota Motor Corp បានបង្កើតការងារតាមរយៈការបង្កើនការវិនិយោគនៅក្នុងប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ពួកគេ។ លោក ត្រាំ ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទីពីរកាលពីថ្ងៃទី២០ ខែមករា បានផ្តោតលើពន្ធដារដើម្បីស្តារការផលិតក្នុងស្រុក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top