ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នា ពីករណីរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 បើកបររថយន្តបញ្ជ្រាស់ទិសលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្ម គេចពីសមត្ថកិច្ច ។

ជាមួយគ្នានោះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ កុម្ភៈនេះ លោក ផន រឹម បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩និង១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿនចូលតាមច្រកស្ថានីយភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាសទិសដៅទៅភ្នំពេញវិញ ដើម្បីគេចពីសមត្ថកិច្ច។

លោកបន្ថែមថា កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅស្នាក់ការគោលដៅស្ទឹងហាវ K172 បានរៀបចំកម្លាំងឃាត់រថយន្តខាងលើ នៅចំណុច ច្រកចូលស្ថានីយ៍ស្ទឹងហាវ ប៉ុន្តែអ្នកបើកបរនៅតែមិនឈប់ និងបន្តដំណើរបើកបញ្ច្រាស រហូតទៅដល់ចំណុច K147+400 ដែលស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អ្នកបើកបរបានចុះឈប់រថយន្ត រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។

អ្នកនាំពាក្យរូបនេះក៏បានជម្រាបជូនដែរថា បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿន បានប្រគល់រថយន្តខាងលើ ឲ្យទៅកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អនុវត្តតាមនីតិវិធី ៕
