បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យក្រុមប្រទេសទាំង២០ (G20) ធ្វើការរួមគ្នា ដើម្បីកសាងពិភពនៃការអភិវឌ្ឍន៍រួមមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅថ្ងៃទីពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Johannesburg ដែលជាទីក្រុងដ៏ធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។
នៅក្នុងសុន្ទរកថារបស់លោក វ៉ាង យី បានកត់សម្គាល់ថាប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីទាំងអស់ ដើម្បីអនុវត្តប្រធានបទប្រធាន G20 របស់អាហ្រ្វិកខាងត្បូងនៃ “សាមគ្គីភាព សមភាព និងនិរន្តរភាព” បើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ G20 និងរួមគ្នាដើម្បីកសាងពិភពនៃការអភិវឌ្ឍន៍រួម។
រដ្ឋមន្ត្រីការបរទេសបានបង្ហាញការផ្តល់យោបល់របស់ចិនសម្រាប់គោលបំណងអនាគតនៃកិច្ចសហប្រតិបត្តិការ G20។ លោក វ៉ាង យី បានលើកឡើងថា “ដំបូង យើងត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ G20 តាមរយៈសាមគ្គីភាព។
លោកបានលើកឡើងថា “យើងគួរតែស្វែងរកចំណុចរួម ខណៈពេលដែលរក្សាភាពខុសគ្នា ជៀសវាងពីការបែងចែក និងការប្រឈមមុខដាក់គ្នា និងប្រឆាំងនឹងការប្រឈមមុខដាក់គ្នាក្នុងប្លុក”។
លោកបានគូសបញ្ជាក់ថា ប្រទេសធំៗគួរតែដើរតួនាទីជាគំរូ ជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងបង្កើនតំណាង និងសំឡេងនៃសកលលោកខាងត្បូង។ ដូច្នេះ បណ្តាប្រទេស G20 គួរតែធ្វើការរួមគ្នាដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ ហើយរួមគ្នាប្រឆាំងឯកតោភាគីនិយម និងលទ្ធិគាំពារនិយម ដើម្បីឈានទៅមុខជាសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ជាសកល និងរួមបញ្ចូល៕
ប្រែសម្រួល ឈូក បូរ៉ា
