ព័ត៌មានអន្តរជាតិ

មុនទស្សនកិច្ចលោក ថាក់ស៊ីន មានការបំផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យស្លាប់ជនស៊ីវិលម្នាក់ និងរបួសប៉ូលីស៧នាក់

Bangkok post

បរទេស៖ គ្រាប់​បែក​បាន​ផ្ទុះ​នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូងប្រទេស​ថៃ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅខេត្តយ៉ាឡា ជនស៊ីវិលម្នាក់បានស្លាប់ និងប៉ូលិស៧នាក់បានរងរបួស នៅពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃសៅរ៍។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១០ ទល់មុខ Mini BigC ស្ថិតក្នុងភូមិ ម២ ក្នុងសង្កាត់ Bannang Sata វេលាម៉ោងប្រហែល ៨ និង២០នាទីយប់ ពេលដែលសមត្ថកិច្ចមូលដ្ឋានចំនួន៧នាក់ កំពុងល្បាតក្នុងតំបន់នោះ។

លោកវីរសេនីយ៍ Worawit Na Nakhon ប្រធានស៊ើបអង្កេតប៉ុស្តិប៉ូលីស Bannang Sata បាននិយាយថា ការបំផ្ទុះនេះបានសម្លាប់បុរសម្នាក់ និងបានបណ្តាលឱ្យរងរបួសដល់មន្ត្រី និងជនស៊ីវិលបួននាក់ផ្សេងទៀត។

កន្លែង​កើត​ហេតុ​ត្រូវ​បាន​គេ​បិទ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្នែក​កម្ចាត់​គ្រាប់​បែក និង​មន្ត្រី​កោសល្យ​វិច្ច័យ​បាន​ចុះ​ទៅ​ប្រមូល​ភស្តុតាង៕

ប្រែសម្រួលៈ ណៃ តុលា

To Top