ព័ត៌មានអន្តរជាតិ

លោក Trump ៖ ប្រទេសកាណាដាអាចរក្សាទុកភ្លេងជាតិបាន នៅពេលក្លាយជារដ្ឋទី៥១ របស់អាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយបែបលេងសើចថា ប្រទេសកាណាដាអាចរក្សាភ្លេងជាតិរបស់ខ្លួន នៅពេលដែលខ្លួនចូលរួមជាមួយសហរដ្ឋអាមេរិក។

ប្រភពដដែលបានសរសេរទៀតថាការ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ច​ប្រជុំ​សមាគម​អភិបាល​សាធារណៈ​រដ្ឋ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក Trump បានបង្ហើបម្តងហើយម្តងទៀតនូវគំនិតនៃការទាញយកប្រទេសកាណាដា ជាផ្នែកមួយនៃទឹកដីអាមេរិកដោយលើកឡើងពីការពឹងផ្អែកលើសហរដ្ឋអាមេរិក។

លោក Trump បាន​និយាយ​ដោយ​សំដៅ​ទៅ​លើ​បទ​ភ្លេងជាតិរបស់កាណាដា​ថា៖ យើង​នឹង​ត្រូវ​ដោះស្រាយ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន… ព្រោះ​ខ្ញុំ​ចូល​ចិត្តភ្លេង ‘O Canada’ ខ្លាំងណាស់។ វាជារឿងដ៏ស្រស់ស្អាត។ ខ្ញុំ​គិត​ថា យើង​នឹង​ត្រូវ​រក្សា​វា​សម្រាប់​រដ្ឋ​ទី៥១របស់យើង។

រដ្ឋាភិបាលទីក្រុង Ottawa បានច្រានចោលជាបន្តបន្ទាប់នូវគំនិតរបស់ប្រទេសដែលកំពុងត្រូវបានស្រូបចូលទៅក្នុងសហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីកាណាដាដែលផុតអាណត្តិលោក Justin Trudeau បានពណ៌នាអំពីគំនិតរបស់លោក Trump ថាជាមិនគួរឲ្យមានការចាប់ផ្តើមបែបនេះនោះទេ។

គួរឲ្យដឹងដែរថាលោក Trump បាន​និយាយ​បែប​កំប្លែងបែបនេះ ខណៈ​ដែល​និយាយ​សំដៅ​ទៅ​លើ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរជុំវិញបញ្ហាបង្កើនតម្លៃពន្ធលើទំនិញនាំចូលនាពេលកន្លងមក៕

ប្រែសម្រួល៖ ស៊ុនលី

To Top