ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងពិនិត្យលើការ អភិវឌ្ឍគោលដៅ លំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើការ អភិវឌ្ឍគោលដៅ លំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិ ឬបេតិកភណ្ឌ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។

ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសអញ្ជើញ ចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នក ទៅលេងលក្ខណៈផ្សង ព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា «ស្របតាមគោល នយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យ លើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ ដល់សហគមន៍»។

សូមបញ្ជាក់ថា នៅថ្ងៃដដែលលោកបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំង សម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។

ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាព ព្រៃឈើកម្ពុជា មានសមត្ថភាពផលិតកូន ឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ តាមរយៈការរួមចំណែក ដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេស អព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ៕

To Top