ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៤-២៦ ខែកុម្ភៈ អាចមានភ្លៀងធ្លាក់ នៅទូទាំងប្រទេស ដោយសារកម្ពុជាទទួលរង របបខ្យល់មូសុងឦសាន ជាមួយសម្ពាធទាប នៅតែបន្តគ្របដណ្តប់ លើសមុទ្រចិនខាង ត្បូង អាងទន្លេមេគង្គក្រោម និងលើកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាព មធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៤អង្សាសេ ។ ខ្យល់ បក់មកពីទិសបូព៌និងអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ ឆ្នាំង តាកែវ និងភ្នំពេញអាចមានភ្លៀង ធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% ។

សម្រាបប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព មធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ ។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០% ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាព មធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៤អង្សាសេ ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ១,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២៥% ។ ក្នុងនោះរលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

