ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ឲ្យបង្កើនគុណភាព សេវាវេជ្ជសាស្រ្ត ដល់កុមារ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី បើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ នាថ្ងៃ២២ កុម្ភៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំសមាគមគ្រូពេទ្យកុមារកម្ពុជា និងក្រុមគ្រូពេទ្យ​ នៅតាមមន្ទីរពេទ្យនានា ផ្នែកវេជ្ជសាស្រ្តកុមារត្រូវបង្កើន គុណភាព សេវារបស់វេជ្ជសាស្រ្តដល់កុមារ ឱ្យកាន់តែរីក ចម្រើនបន្ថែមទៀត ដែលវេជ្ជសាស្រ្តផ្នែកកុមារ គឺពិតជាសំខាន់ ដែលជាមូលដ្ឋាន អនាគតរបស់ប្រទេស ។

លោករដ្ឋមន្ត្រីលើកសើរការងាររបស់សមាគមបានធ្វើកន្លងមកថា គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព។

សាស្ត្រាចារ្យក៏បានបន្តថា ត្រូវវិនិយោគផ្នែកកុមារ ដោយត្រូវផ្តោត សំខាន់លើជំនាញ ប្រាជ្ញា ស្មារតី តាមរយៈការចងក្រង ឯកសារយុទ្ធសាស្រ្ត និងការអប់រំវេជ្ជបណ្ឌិតជំនាញកុមារ , ត្រូវបង្កើនកិច្ចសហការគ្នា ជាមួយដៃគូអន្តរជាតិ អន្តរស្ថាប័ន អន្តរវិស័យ ដើម្បីជួយគាំទ្របច្ចេកទេស រោគវិនិច្ឆ័យ និងព្យាបាលផ្នែកវេជ្ជសាស្រ្តកុមារ , ត្រូវបង្កើនការបណ្តុះបណ្តាល អ្នកជំនាញឯកទេសកុមារឱ្យកាន់តែច្រើន ជាពិសេស នៅតាមបណ្តាខេត្ត និងជនបទ ដោយត្រូវបង្កើនការ បណ្តុះបណ្តាល បន្ថែមទាំងមុន និងកំពុងបម្រើការងារ និងត្រូវមានកិច្ចសហការ និងអំពាវនាវឱ្យមានការចូលរួមគាំទ្រពីដៃគូ លើផ្នែកទារក និងកុមារ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារនៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ និងព័ត៌មានថ្មីៗ ព្រមទាំងពិធីសារថ្មីៗ ក្នុងការគ្រប់គ្រងព្យាបាលនៃជំងឺកុមារ បន្តឱ្យមាននិរន្តរភាពការរៀបចំ ជារៀងតទៅទៀត។ សាស្រ្តាចារ្យ ណែនាំដល់មន្រ្តីសុខាភិបាល និងសមគមទាំងអស់ឱ្យមានការសហការគ្នាឱ្យបានល្អ ដោយត្រូវចេះសាមគ្គី យោគយល់ និងចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍រវាងគ្នានិងគ្នា ក្នុងស្មារតីគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយចាត់ទុកអ្នកជំងឺ ដូចជាសមាជិកគ្រួសារខ្លួន។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់សមាគម ត្រូវបង្កើនការងារ បណ្តុះបណ្តាលបន្ត ជាពិសេសគ្រូ ពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាព ខ្ពស់ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ សាស្រ្តាចារ្យ គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅ តាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការ បណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ៕

To Top