ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច នឹងធ្វើជាវាគ្មិន ពិភាក្សាលើប្រធានបទ «ប្រព័ន្ធស្បៀងអាហារ ប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈម ជាសកល ប្រព័ន្ធហិរញ្ញវត្ថុបៃតង ក្នុងសន្និបាត ហិរញ្ញវត្ថុ​ជាសកល» នៅអាហ្វ្រិកខាងត្បូង

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពី «ប្រព័ន្ធស្បៀងអាហារ ប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល» នៅក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកល ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ។

នៅក្នុងឱកាសចូលរួមសន្និបាត ហិរញ្ញវត្ថុសកលនេះ ក្នុងនាមលោក ជាប្រធានសមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍ អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ លោកនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ​ដែលជាមាជិកនៃសហព័ន្ធពិភពលោក នៃគ្រឹះស្ថានហិរញ្ញ វត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត ។

បន្ថែមពីលើនេះ លោកបណ្ឌិតប្រតិភូ ក៏ត្រូវបានអញ្ជើញ ឱ្យធ្វើជាវាគ្មិន បន្ថែមមួយទៀត ក្នុងនាមជាប្រធាន សមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ ដោយផ្តោតលើប្រធានបទ​ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង ៖ ការដកនូវរបាំង មូលធន សម្រាប់គាំទ្រដល់សកម្មភាព អាកាសធាតុ និងការអភិវឌ្ឍ» ដែលមានសហប្រធាន ដឹកនាំកិច្ចពិភាក្សា ដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃប្រទេសប្រេស៊ីល​​ និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី​ ដោយឯកឧត្តមគ្រោង លើក អំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារ អភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។ មួយវិញទៀត កាលានុវត្តភាពនៃការវិនិយោគ ប្រកបដោយចីរភាព និង ការសិក្សាសមិទ្ធិលទ្ធភាព នៃកិច្ចសហប្រតិបត្តិការនានា លើគម្រោងហិរញ្ញប្បទាន ប្រកបដោយចីរភាពសម្រាប់ពិភពលោក និងតំប​ន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែមានភាពបៃតង។

សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានគ្រោង ប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហា សំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ច ពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួល អាកាធាតុ និងការអភិវឌ្ឍន៍ប្រ​កបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។ សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញ-វត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព​ ។

សន្និបាតនេះនឹងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភ​ចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ សំដៅដល់ការលើកកម្ពស់កំណើន ប្រកប​ដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់​ការ​បែងចែក​ឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ​ដើម្បី​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​​ត្រូវ​បាន​គេ​ទុក​ចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

បណ្ឌិត កៅ ថាច បានបញ្ជាក់ថា តាមរយៈសន្និបាតនេះ ខ្ញុំនឹងផ្សព្វផ្សាយ ជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើន ប្រសិទ្ធភាព និងរក្សាចីរភាព ។ ជាពិសេស ក្រសួងបរិស្ថាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈធានា ឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ យុទ្ធសាស្រ្តបញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ​៦០​ ភាគរយ នៅឆ្នាំ២០៥០ ។ ជាសក្ខីភាព ព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ បានចូលរួមអនុម័តកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, បានរៀបចំផែនការ រួមចំណែករបស់ជាតិ ដើម្បីកំណត់គោលដៅ សម្រាប់គាំទ្រ ដល់សកម្មភាពកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៤១,៧% និង​ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

មួយវិញទៀត ការរួមចំណែក នៃវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដូចជាតាមរយៈការបោះផ្សាយនូវសញ្ញាបណ្ណចីរភាព​ជាដើម ។​ បន្ថែមលើនេះទៀត វិស័យធនាគារនៅកម្ពុជា ​ដោយមានធនាគារជាតិនៃកម្ពុជា ជានិយត័ករបានយក ចិត្តទុកដាក់ខ្ពស់ ​លើ​បរិស្ថាន សង្គម និងអភិបាលកិច្ច ជាពិសេសបានគាំទ្រលើការដាក់ឱ្យអនុវត្តនូវ គោលការណ៍ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា ​។​ ដោយឡែក ការរួមចំណែករបស់ធនាគារ​ ARDB តាមរយៈការអនុវត្តគម្រោង ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានប្រកបដោយចីរភាព​ ដូចជា ឥណទានបៃតងជាដើម៕

To Top