សៀមរាប ៖ ព្រឹត្តិការណ៍ក្បួនដង្ហែរតុក្តតាយក្ស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២២ កុម្ភៈ បានសង្កេតឃើញ មហាជន ភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ឈរអបសងខាងផ្លូវ ដើម្បីអបអរសាទរ និងសប្បាយរីករាយ ប៉ាន់ប្រមាណជា ១ម៉ឺននាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។

គម្រោងតុក្កតាយក្ស ចាប់បង្កើតនៅឆ្នាំ ២០០៧ ដោយសិល្បករជនជាតិ អង់គ្គេស៍មួយក្រុម ។ កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំរហូតដល់ ២០១៨ និងត្រូវបាន ផ្អាក ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១ ។ ចាប់ផ្តើម ធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយ រដ្ឋបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបាន ដង្ហែ នៅផ្លូវភូមិព្រះដាក់ខេត្តសៀមរាប និង២០២៣ ចាប់ផ្តើមដម្លើងនិងដង្ហែ នៅក្រុងសៀមរាបវិញ។

ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗ មកអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើក ស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនម័យ បរិស្ថាន សត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ វិស័យអប់រំជូនសាធារណជន ឲ្យកាន់តែទូលំទូលាយ កន្លងមក ។ នៅចុងឆ្នាំ២០២៤ តុក្កតាយក្សចំនូន៦ ត្រូវបានចូលរួម ហែក្បូនអបអរសាទទិវា “សាទរកម្ពុជា”នៅរាជធានីភ្នំពេញ។ ដោយឡែកប្រធានបទសម្រាប់ឆ្នាំ ២០២៥ គឺយើងនឹងបង្កើត សិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្ត៍ ចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណ ៨០០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។

តាមការបញ្ជាក់របស់លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅ ក្នុងគម្រោងតុក្តតាយក្ស បានបញ្ជាក់ឲ្យដឹងថា នេះជាឆ្នាំទី១៤ហើយ ក្នុងការដង្ហែតុក្តតាយក្សនៅលើទឹកដី ប្រវត្តិសាស្ត្រសៀមរាប-អង្គរ ហើយក្នុងឆ្នាំ២០២៥នេះ ដោយបានលើកនូវប្រធានបទ បង្កើតសិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្ត៍ និង អំបូរសត្វដែលបានផុតពូជពីភពផែនដីយើង ហើយក៏ត្រូវបានក្រុមការងារយើង ធ្វើការរំលឹកឡើងវិញ ក្នុងគោលបំណងបង្ហាញដល់ក្មេងៗ ជំនាន់ក្រោយបានស្គាល់អំបូរសត្វទាំងនេះ។

ម៉្យាងវិញទៀត ព្រឹត្តិការណ៍នៃក្បួនដង្ហែរតុក្តតាយក្ស នៅក្នុងខេត្តសៀមរាប មានភ្ញៀវជាតិ អន្តរជាតិចូលរួមច្រើន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យមកទស្សនា នៅខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៏ ពិភពលោកបានស្គាល់ បានឃើញយ៉ាងពិតប្រាកដ៕


