ព័ត៌មានជាតិ

យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ: យុវជនពីរនាក់បានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង ២០:១៥ នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវអាស៊ានវៀង ផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង ឃុំកំពង់ថ្ម។

ជនរងគ្រោះ ឈ្មោះ ស្រី យ៉ាង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ។ ឈ្មោះវ៉ន ឌុន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ)

ការវិភាគនិងសន្និដ្ឋាន: យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរបានផឹកស៊ីនៅភូមិបន្ទាយយវរាជ មុននឹងជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ចេញពីជើងទៅត្បូងដោយគ្មានគោលដៅ។ ដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកដើមអាការស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ រីឯម្នាក់ទៀតស្លាប់បន្ទាប់ពីយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា សាកសពជនរងគ្រោះទាំងពីរត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ម៉ូតូរងគ្រោះត្រូវបាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យប្រយ័ត្នក្នុងការបើកបរ និងរក្សាសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់៕ ដោយសំនៀង

To Top