ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរំលឹកថា សកម្មភាពបង្ក្រាបជនបរទេសដែលសំងំលាក់ខ្លួន ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នានា នៅកម្ពុជាបានធ្វើការបង្ក្រាបជាហូរហែរ មិនមែនទើបតែអនុវត្តនោះទេ ។
ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះបន្ទាប់ពីសមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមេក្លោងជាជនជាតិចិន កាលពីថ្ងៃ២៣ កុម្ភៈ ក្រោយបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាង៣ខែកន្លងមក។
ករណីនេះលោកបណ្ឌិត ទូច សុឃៈបញ្ជាក់បន្ថែម នាថ្ងៃ២៤ កុម្ភៈថា កម្ពុជាបានធ្វើរឿងនេះតាំងពីយូរមកហើយ គឺតាំងពីរាជរដ្ឋាភិបាលចាស់ម្ល៉េះ ហើយក៏កំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។
លោកបន្តថា “ចំពោះកិច្ចសហការ ក៏យើងមានតាំងពីយូរមកហើយដែរជាមួយគ្នា គឺកម្ពុជា ថៃ ឡាវ និងវៀតណាម រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំង៣ ពោលគឺតែងប្រជុំប្រចាំឆ្នាំជាប្រពៃណី និងកិច្ចសហការជាប្រចាំថ្ងៃទាំងការបញ្ជូនព័ត៌មានឱ្យគ្នា និងកិច្ចសហការបង្ក្រាបបទល្មើស ដែលទទួលបានប្រសិទ្ធភាពជាទីមោទក”។
អ្នកនាំពាក្យរងក៏បានបញ្ជាក់ថា បើគ្រាន់តែឃើញប្រទេសជិតខាង ដាក់ចេញវិធានការនេះវិធានការនោះ រួចមកភ្ជាប់ជាមួយក្នុងន័យអវិជ្ជមាន នោះជាការលើកឡើងពុំបានមើលឱ្យគ្រប់ជ្រុងជ្រោយ ព្រោះកម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំដែនគ្នានោះទេ គឺបានធ្វើឡើងជាមួយបណ្ដាប្រទេសផ្សេងៗ ។ ក្នុងនោះក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមក ទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស…។
ដូច្នេះលោកថា ជារួម ករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នា ហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន និងគ្រប់គ្រងបាន។
សូមបញ្ជាក់ថា ចំពោះពលរដ្ឋថៃទាំង ១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់ មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅ ស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោង យកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
