ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយមាន សម្ដេចធិបតី ជាប្រធាន។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលសរសេរជាអក្សរកាត់ថា «គ.ប.ឆ.ប» មានភារកិច្ចដូចតទៅ៖
១- ដាក់ចេញវិធានការក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
២- ដាក់ចេញវិធានការក្នុងការបង្ការនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
៣- ផ្តល់ការណែនាំ សម្របសម្រួល គាំទ្រ និងអន្តរាគមន៍ចាំបាច់នានា ដើម្បីជំរុញការអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់
៤- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និង សមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
៥- ធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
៦- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា៕







