ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញប្រគល់សញ្ញាបត្រ​ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជិត២ពាន់នាក់ នៅខេត្តសៀមរាប

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ​​​ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជា​គ្រឹះស្ថានឧត្តមសិក្សា​​ឯកជន ត្រូវបានបង្កើតឡើង​ តាមអនុក្រឹត្យ​លេខ៦៣ អនក្រ.បក ចុះ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ។

ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យ​ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត របស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់​​រាជរដ្ឋាភិបាលកម្ពុជា​​ សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានរៀបចំចក្ខុវិស័យ បេសកកម្ម​​ ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់​ ដើម្បី​បណ្ដុះបណ្ដាល​កម្មវិធីអប់រំ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត​ប្រកបដោយ​គុណភាព មាន​ឥរិយាបថល្អ​ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍ​ប្រទេសជាតិ។

ដោយមាន​ការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និង​គ្រូបង្រៀនក្នុង​ការ​​ អនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាព របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាំឱ្យ​សាកលវិទ្យាល័យ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ​នៅក្នុងព្រះរាជាណា​ចក្រ​​កម្ពុជា ជាពិសេសនៅខេត្តសៀមរាប មានការគាំទ្រពីអ្នក សិក្សាគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការទទួលស្គាល់ ពីស្ថាប័នជាតិ អន្តរជាតិ៕

To Top